ទំព័រដើម

Pratu: Journal of Buddhist and Hindu Art, Architecture and Archaeology of Ancient to Premodern Southeast Asia (ទស្សនាវដ្ដីអំពីសិល្បៈព្រះពុទ្ធសាសនា និ​ងព្រហ្មញ្ញសាសនា ស្ថាបត្យកម្ម និងបុរាណវិទ្យារបស់អាស៊ីអាគ្នេយ៍ពីសម័យបុរាណ រហូតដល់មុនសម័យទំនើប) បានផ្តួចផ្តើមឡើងដោយក្រុមនិស្សិតថ្នាក់បណ្ឌិតនៃដេប៉ាតឺម៉ង់ប្រវត្តិសិល្បៈ និងបុរាណវិទ្យានៅ SOAS នៃសាកលវិទ្យាល័យទីក្រុងឡុងដ៍ដោយមានការសហការ​ជាមួយ​គ្រូ​ណែនាំនៅក្នុងដេប៉ាតឺម៉ង់នេះ។ ទស្សនាវដ្តីនេះទទួលបានជំនួយពីមូលនិធិ Alphawood ក្រោមការឧបត្ថម្ភរបស់កម្មវិធីសិក្សាសិល្បៈអាស៊ីអាគ្នេយ៍ (Southeast Asian Art Academic Programme, SAAAP)។ ក្រុមអ្នករៀបរៀងដែលជានិស្សិត និងអតីតនិស្សិតធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមប្រឹក្សាយោបល់ដែលបង្កើតឡើងដោយសមាជិកនៃគណៈកម្មា​ធិការ​ស្រាវជ្រាវ និងបោះពុម្ពផ្សាយរបស់ SAAAP។

Pratu ​ជា​គេហទំព័រ​សម្រាប់​បញ្ញវន្ត​ ដែល​ទើបចាប់ផ្តើម​បោះ​ពុម្ព​ផ្សាយ​ការ​ស្រាវជ្រាវ​ថ្មី​ៗ ​អំពីសម្ភារៈវប្បធម៌ និងបរិបទនានារបស់វានៅក្នុងវិស័យព្រះពុទ្ធសាសនា និង​ព្រហ្មញ្ញសាសនាចាប់ពីសម័យ​បុរាណ​ ដល់មុនសម័យទំនើប នៅតំបន់​អាស៊ីអាគ្នេយ៍។ កិច្ចការនៃទស្សនាវដ្តីនេះផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយនឹង SAAAP ផ្ទាល់ ដោយផ្តោតទៅលើ «ការសិក្សាអំពីបរិស្ថានជុំវិញ ចម្លាក់ គំនូរ អត្ថបទគំនូរ វាយនភណ្ឌ និងការបង្ហាញជាលក្ខណៈអរូបី និងរូបីនានា រួមជាមួយនឹងការពណ៌នាដែលទាក់ទងនឹងវត្ថុទាំងនោះ និងការសិក្សា​ទាំងឡាយណាដែលទាក់ទងនឹងផ្នែកបុរាណវិទ្យា សារមន្ទីរ និងបេតិកភណ្ឌវប្បធម៌។»

Pratu មានន័យថា “ច្រកផ្លូវ” ឬ “ច្រកចូល” នៅក្នុងភាសារបស់ប្រទេស​មួយចំនួនក្នុងតំបន់អាស៊ីអាគ្នេយ៍។ នៅក្នុងគម្រោងរបស់យើង ពាក្យនេះបង្ហាញអំពីការអភិវឌ្ឍនិរុត្តសាស្ត្រ ពីទម្រង់ដើមរបស់ «ខ្មែរ» ទៅពាក្យរបស់ «តៃ» ដើម្បីសម្គាល់រចនាសម្ព័ន្ធស្ថាបត្យកម្មដ៏ល្បីល្បាញរបស់ឥណ្ឌា ដោយមិនរាប់បញ្ចូលពីភាពស្មុគស្មាញនានាទាក់ទងនឹងការវិវត្តន៍ប្រវត្តិសាស្ត្រនៃប្រពៃណីព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនា នៅតំបន់អាស៊ីអាគ្នេយ៍ឡើយ។ ទស្សនាវដ្ដីនេះគឺជាច្រកផ្លូវមួយ៖ ជាលំហមួយនៃការឈានចូលទៅ និងជាអន្តរកាលមួយដែលឆ្លុះបញ្ចាំងអំពីគោលបំណងរបស់យើងក្នុងការសម្របសម្រួលដល់បញ្ញវន្តថ្មីៗ ក្នុងការបោះពុម្ពផ្សាយអត្ថបទស្រាវជ្រាវលើកដំបូងៗរបស់គេ នៅពេលដែលពួកគេកំពុងឈានពីភាពជានិស្សិតទៅចាប់យកអាជីពជាអ្នកស្រាវជ្រាវ។ ក្នុងន័យនេះ យើងក៏សូមស្វាគមន៍បញ្ញវន្តទាំងឡាយនៅតំបន់អាស៊ីអាគ្នេយ៍ ដែលចង់ឱ្យការស្រាវជ្រាវរបស់ខ្លួនបានទៅដល់អ្នកអានឱ្យកាន់តែទូលំទូលាយ ដោយមានការបោះពុម្ពផ្សាយបកប្រែអត្ថបទទៅជាភាសាអង់គ្លេស​។ ពួកគេក៏ទទួលបានអត្ថប្រយោជន៍អំពីដំណើរការត្រួតពិនិត្យអត្ថបទពីអ្នកស្រាវជ្រាវផ្សេងៗទៀត មុននឹងឈានដល់ការបោះពុម្ពដែរ។ ក្នុងន័យនេះ Pratu នឹងជួយណែនាំអ្នកនិពន្ធឱ្យបានស្គាល់អ្នកស្រាវជ្រាវកាន់តែច្រើន និងការស្រាវជ្រាវថ្មីៗ ហើយក៏ជំរុញឲ្យមាននូវកិច្ចសហប្រតិបត្តិការអន្តរស្ថាប័ន និងសហប្រតិបត្តិការអន្តរជាតិនានាដែរ។

(Khmer – Home)