ការផ្ញើអត្ថបទ
Pratu ស្វាគមន៍នូវរាល់អត្ថបទស្រាវជ្រាវដើម និងរបាយការណ៍ស្តីអំពីការស្រាវជ្រាវដែលកំពុងដំណើរការលើប្រធានបទដែលស្របទៅនឹងគោលការណ៍របស់ទស្សនាវដ្តី។
ការផ្ញើអត្ថបទអាចជាភាសាអង់គ្លេស ឬភាសានៃប្រទេសនៅអាស៊ីអាគ្នេយ៍ណាមួយ ដោយមានការបកប្រែជាភាសាអង់គ្លេស ឬភាសាផ្សេងទៀតដែលប្រើប្រាស់ដោយសមាជិកណាម្នាក់នៃក្រុមអ្នករៀបរៀង ឬអ្នករៀបរៀងពីខាងក្រៅ។ ចំនួនពាក្យនៃអត្ថបទត្រូវផ្ញើជូនតាមរយៈអ៊ីមែល ហើយអ្នកនិពន្ធត្រូវតែបញ្ជាក់ថា ការងារនេះមិនទាន់បានបោះពុម្ពផ្សាយនៅកន្លែងផ្សេងទៀត ទោះនៅក្នុងទម្រង់ណាមួយក៏ដោយ ឬបច្ចុប្បន្នមិនកំពុងស្ថិតក្រោមការពិចារណាសម្រាប់ការបោះពុម្ពនៅកន្លែងផ្សេងទៀតនោះទេ។ (សូមមើលករណីលើកលែង ចំពោះការចែករំលែកអត្ថបទនៅកន្លែងផ្សេងទៀតនៅទីនេះ Creative Commons license)។
អត្ថបទ និងរបាយការណ៍
អត្ថបទដែលបញ្ជូនទៅ Pratu ត្រូវពិនិត្យដោយអ្នកធានាពីខាងក្រៅ។ ចំនួនពាក្យនៅក្នុងអត្ថបទនីមួយៗគួរតែស្ថិតនៅចន្លោះពី ៥០០០-៧០០០ពាក្យ (រួមទាំងកំណត់យោង)។ អត្ថបទគួរតែជាលទ្ធផលនៃការស្រាវជ្រាវដើម រួមបញ្ចូលការវិភាគឱ្យបានដិតដល់ទៅលើប្រធានបទ និងការស្រាវជ្រាវដែលពាក់ព័ន្ធកន្លងមក (យើងលើកទឹកចិត្តដល់ការស្រាវជ្រាវពីមុនៗ ទាំងនៅក្នុងតំបន់ និងអន្តរជាតិ) ហើយបង្ហាញជំហរផ្ទាល់ខ្លួនដែលមានអំណះអំណាងយ៉ាងច្បាស់សម្រាប់អ្នកអាន។
របាយការណ៍គួរតែស្ថិតនៅចន្លោះពី ១០០០-២០០០ពាក្យ (រួមទាំងកំណត់យោង)។ Pratu ចាប់អារម្មណ៍ជាពិសេសទៅលើរបាយការណ៍ស្តីអំពីការងារនៅទីតាំងផ្ទាល់ដែលធ្វើឡើងនៅពេលបច្ចុប្បន្ន ឬដែលធ្វើឡើងដោយអ្នកនិពន្ធផ្ទាល់ នៅក្នុងពេលថ្មីៗនេះ។ របាយការណ៍អាចពណ៌នាអំពីការចុះប្រមូលព័ត៌មាន និងការធ្វើកំណាយបុរាណវិទ្យា ការប្រមូលព័ត៌មានលើរូបចម្លាក់ និងវត្ថុនានាពីសមុច្ច័យសារមន្ទីរ និងការអភិរក្ស ការថែទាំ ការតាំងបង្ហាញ ឬការងារដែលទាក់ទងនឹងការតាំងពិព័រណ៍ផ្សេងទៀត។ របាយការណ៍គួរតែបង្ហាញទិន្នន័យថ្មី និងផ្តល់អត្ថបទសង្ខេបដែលងាយយល់។ អត្ថបទជារបាយការណ៍ពុំចាំបាច់បកស្រាយឱ្យទូលំទូលាយ ឬវិភាគស៊ីជម្រៅពេកទេ។
អត្ថបទគួរតែផ្ញើទៅកាន់អ៊ីមែល pratujournal@soas.ac.uk ជាពីរទម្រង់ គឺជាអត្ថបទ Microsoft Word និងជា PDF។ ការបញ្ជូនអត្ថបទទាំងអស់គួរតែដាក់ឈ្មោះថា «Pratu article/report submission» នៅក្នុងប្រអប់ប្រធានបទរបស់អ៊ីមែល។
ការសង្ខេប
ការសង្ខេបខ្លីៗ(អតិបរមា ២៥០ពាក្យ) ត្រូវដាក់បង្ហាញនៅដើមអត្ថបទ ឬរបាយការណ៍នីមួយៗ។ អ្នកនិពន្ធត្រូវសង្ខេបជាភាសាដែលដូចទៅនឹងភាសារបស់អត្ថបទ។ យើងក៏សូមស្វាគមន៍ការបកប្រែសង្ខេបដែរ។
ការពាក់ព័ន្ធនឹងស្ថាប័ន
ឈ្មោះអ្នកនិពន្ធគួរតែបង្ហាញនៅខាងក្រោមចំណងជើងអត្ថបទ ហើយបន្តបន្ទាប់មកទៀតជាឈ្មោះស្ថាប័នពាក់ព័ន្ធតាមការសមគួរ។ អ្នកនិពន្ធត្រូវផ្តល់ឈ្មោះខ្លួនឯង ក្នុងទម្រង់ដែលពួកគេចង់ឱ្យបង្ហាញនៅក្នុងអត្ថបទសម្រេចចុងក្រោយ ដោយគោរពតាមលំដាប់ដោយមានដូចជា នាម នាមត្រកូល ឈ្មោះផ្សេងទៀត និងអក្សរកាត់ផ្សេងៗ តាមការចង់បាន។ សូមបញ្ជាក់ឈ្មោះដែលអ្នកចង់ឱ្យចេញនៅលើការងារដទៃទៀត ដែលយោងពីអត្ថបទរបស់អ្នកទៅ។
សេចក្តីថ្លែងអំណរគុណ
ការថ្លែងអំណរគុណគួរតែធ្វើជាសង្ខេប សរសេរដោយប្រើប្រធានជាបុរសទីមួយ ហើយបង្ហាញជាកំណត់យោងដំបូង ដែលមិនមានលេខ ឧទាហរណ៍ «ទម្រង់មុននៃអត្ថបទនេះបានបង្ហាញនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំនៃសមាគមសិក្សាអាស៊ីនៅទីក្រុងតូរ៉ុនតូ នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១១។ ខ្ញុំសូមអរគុណដល់ Juliane Borchert និង Rajini Thomas សម្រាប់មតិដ៏មានប្រយោជន៍របស់ពួកគេ។»
ប្រវត្តិរូបសង្ខេប / អំពីអ្នកនិពន្ធ
អ្នកនិពន្ធគួរតែបញ្ចូលប្រវត្តិរូបសង្ខេប នៅអត្ថបទសម្រេចចុងក្រោយ មិនឱ្យលើសពី១៥០ពាក្យ ដែលសរសេរដោយប្រើប្រធានជាបុរសទីបី។
អត្ថបទ – បែបផែន និងការកំណត់ទម្រង់
ការណែនាំខាងក្រោមអំពីការកំណត់ទម្រង់នៃអត្ថបទ អក្ខរាវិរុទ្ធ ការដកស្រង់ផ្ទាល់ និងការយោង គួរតែផ្តោតទៅលើបែបផែនច្បាស់លាស់មួយ។ បើមានបញ្ហាណាមួយដែលទាក់ទងនឹងបែបផែន ដែលមិនបានបង្ហាញនៅក្នុងទម្រង់ខាងក្រោមនេះ សូមចូលទៅកាន់ The Chicago Manual of Style (17th edition) ព្រោះ Pratu អនុវត្តតាមទម្រង់នេះដោយស្របទៅតាមអនុសញ្ញាអាស៊ីអាគ្នេយ៍ តាមដែលមើលទៅឃើញថាត្រឹមត្រូវ។ ប្រសិនបើបញ្ហាទាក់ទងនឹងបែបផែននេះនៅតែមាន នៅពេលបញ្ជូនអត្ថបទ សូមសួរសមាជិកនៃក្រុមអ្នករៀបរៀង ពួកគេនឹងជួយដោះស្រាយនូវបញ្ហារបស់អ្នក។
ការកំណត់ទម្រង់អត្ថបទ
អត្ថបទគួរតែវាយជាពុម្ពអក្សរយូនីកូដ ដើម្បីធានាថាអក្សរកាត់ និងអក្សរផ្សេងទៀតត្រូវបានរក្សាទុក មិនប្រែប្រួលពីទម្រង់ដើម។ អ្នកនិពន្ធគួរ ប្រើពុម្ពអក្សរ Khmer OS Siemreap។ អ្នកដែលប្រើពុម្ពអក្សរក្រៅពីនេះ គួរតែពិគ្រោះជាមួយក្រុមអ្នករៀបរៀងជាមុន។ អ្នកមិនគួរប្រើពុម្ពអក្សរច្រើនប្រភេទពេកទេ។
ពុម្ពអក្សរគួរតែមានទំហំ១២ ហើយគម្លាតបន្ទាត់ពីរលេខ (double-spaced)។ ផ្នែកសម្រង់ផ្ទាល់ និងកំណត់យោង ត្រូវគម្លាតបន្ទាត់មួយលេខ (single-spaced)។ មិនត្រូវចូលបន្ទាត់ (indent)ទេ សម្រាប់កថាខណ្ឌថ្មី ហើយមិនត្រូវតម្រឹមផ្នែកខាងស្ដាំ (right-hand alignment) ឡើយ។ កថាខណ្ឌគួរតែបំបែកដោយបន្ទាត់ទទេ (blank line) មួយ។
អក្សរទ្រេត
អក្សរទ្រេតសម្រាប់ការសង្កត់ន័យគួរតែប្រើតិចតួចបានហើយ។ អ្នកមិនគួរប្រើអក្សរទ្រេតលើប្រយោគទាំងមូលញឹកញាប់ពេកទេ ហើយបើប្រើលើផ្នែកទាំងមូលណាមួយនៃអត្ថបទទៀតសោត រឹតតែមិនគួរមានទៀត។ ចំណងជើងសៀវភៅគួរតែដាក់ជាអក្សរទ្រេត មិនមែនគូសបន្ទាត់ពីក្រោមទេ។
អក្ខរាវិរុទ្ធ
សូមប្រើវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត – ដែលអាចទាញយកបានពី៖
https://sbbic.org/2011/04/06/download-electronic-khmer-to-khmer-chuon-nath-dictionary-2-1/.
ពាក្យមិនមែនជាភាសាខ្មែរ
តាមច្បាប់ជាទូទៅ ពាក្យដែលមិនមែនជាភាសាខ្មែរត្រូវតែដាក់ជាអក្សរទ្រេត លើកលែងតែពាក្យនោះគេប្រើប្រាស់ទូលំទូលាយនៅក្នុងភាសាខ្មែរ និងមាននៅក្នុងវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត។ សញ្ញាសម្គាល់សំឡេង សម្រាប់ពាក្យមិនមែនជាភាសាខ្មែរគួរតែរក្សាក្នុងទម្រង់ជាអក្សរធំ ឧទាហរណ៍ ៖ École, Śāstra, Žižek.
ឃ្លា ឬពាក្យមួយចំនួន អាចប្រើជាភាសាដើមដើម្បីឱ្យមានភាពច្បាស់លាស់។ ឃ្លា ឬពាក្យនោះគួរតែដាក់ជាអក្សរទ្រេត ហើយដាក់ក្នុងវង់ក្រចកបន្ទាប់ពីន័យជាភាសាខ្មែរដែលត្រូវគ្នានោះ ឬគេអាចដាក់ពាក្យ ឬឃ្លាដែលមិនមែនជាភាសាខ្មែរមុន ជាអក្សរទ្រេត បន្ទាប់មកបញ្ជាក់ជាភាសាខ្មែរក្នុងវង់ក្រចក។ មិនត្រូវការអភន្តរសញ្ញានៅសងខាងពាក្យ ឬឃ្លានោះទេ។
ចំពោះចំណងជើងដើមដែលមិនមែនជាភាសាខ្មែរ និងការបកប្រែចំណងជើងនៅក្នុងអត្ថបទចម្បងត្រូវដាក់នៅក្នុងវង់ក្រចក ហើយត្រូវចាត់ទុកថាជាចំណងជើង ទោះបីជាវាតំណាងឱ្យការបោះពុម្ពអត្ថបទប្រែសម្រួល ឬមិនមែនក៏ដោយ ឧទាហរណ៍៖
អាំង Les êtres surnaturels dans la religion populaire khmère (អបិយជំនឿនៅក្នុងសាសនាប្រពៃណីខ្មែរ) សិក្សាអំពី…
ពាក្យជាភាសាសំស្រ្កឹត និងបាលី ជាធម្មតាត្រូវសរសេរជាអក្សរទ្រេតទាំងអស់ តែលើកលែងក្នុងករណីនាមអសាធារណ៍។ ប៉ុន្តែ ពាក្យជាភាសាសំស្ក្រឹត និងបាលីមួយចំនួន ដែលមាននៅក្នុងវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត ហើយជាធម្មតាមិនគួរប្រើអក្សរទ្រេតទេ ឧទាហរណ៍៖ កុមារ, ទ្វារ, យក្ស, រត្ន, សូរិយា។ អក្ខរាវិរុទ្ធសម្រាប់ពាក្យជាភាសាសំស្ត្រឹត និងបាលី គួរប្រើតាម៖
វចនានុក្រមបាលី-ខ្មែរ-អង់គ្លេស ដោយ សួន ឱសថ (ភ្នំពេញ, វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត, ២០១១) ឬ សទ្ទានុក្រមខ្មែរ–បាលី–សំស្រ្កឹត ដោយ ទូច គឹមស៊្រាង (ភ្នំពេញ, ២០១៩)។
សូមទាក់ទងទៅក្រុមអ្នករៀបរៀង សម្រាប់ការណែនាំពាក់ព័ន្ធនឹងភាសាបុរាណផ្សេងទៀត។
អក្សរដែលមិនមែនជាភាសាខ្មែរគួរតែបង្ហាញក្នុងទម្រង់ដើមរបស់វា និងជាអក្សរខ្មែរ ឬការចម្លងតាមសូរសព្ទ អាស្រ័យលើបរិបទអត្ថបទ។ ខាងក្រោមនេះជាការណែនាំតាមភាសានីមួយៗ លើពុម្ពអក្សរ វចនានុក្រម និងស្តង់ដារការសរសេរតាមសូរសព្ទ សម្រាប់ប្រើក្នុងការបញ្ជូនអត្ថបទទៅកាន់ Pratu។ ការណែនាំសម្រាប់ភាសាផ្សេងៗទៀតនឹងបញ្ចូលបន្ថែម នៅពេលមានតម្រូវការ៖
ពាក្យជាភាសាថៃគួរបង្ហាញជាអក្សរថៃ បន្ទាប់មកសរសេរជាអក្សរខ្មែរ ឬការចម្លងតាមសូរសព្ទតាមក្រោយ អាស្រ័យលើបរិបទអត្ថបទ។ អ្នកនិពន្ធគួរប្រើពុម្ពអក្សរយូនីកូដ ប្រភេទ Cordia New។ អក្ខរាវិរុទ្ធនៃពាក្យក្នុងភាសាថៃគួរតែមើលតាម វចនានុក្រមខ្មែរ-ថៃ ដែលបោះពុម្ពផ្សាយដោយ គណៈកម្មការទុនពញានុមានរាជធន (បាងកក។ រោងពុម្ពចុងចរើន, ១៩៧៤-១៩៨៥)។
ពាក្យជាភាសាភូមាគួរតែបង្ហាញជាអក្សរភូមា បន្ទាប់មកសរសេរជាអក្សរខ្មែរ ឬការចម្លងតាមសូរសព្ទ អាស្រ័យលើបរិបទអត្ថបទ។ អ្នកនិពន្ធគួរប្រើពុម្ពអក្សរយូនីកូដ ប្រភេទ “Myanmar Text” ដែលមាននៅក្នុង Microsoft Word។ វចនានុក្រម ឬការបកប្រែតាមស្តង់ដារសម្រាប់ភាសាភូមាទំនើបនឹងត្រូវសម្រេចនៅពេលអនាគត ប៉ុន្តែសម្រាប់ពេលនេះ សូមទាក់ទងក្រុមអ្នករៀបរៀង។
ពាក្យជាភាសាវៀតណាមគួរតែបង្ហាញជាអក្សររ៉ូម៉ាំង បន្ទាប់មកសរសេរជាអក្សរខ្មែរ ឬការចម្លងតាមសូរសព្ទ អាស្រ័យលើបរិបទអត្ថបទ។ អ្នកនិពន្ធគួរប្រើពុម្ពអក្សរយូនីកូដ ដើម្បីធានាថាសញ្ញាសម្គាល់នានា និងអក្សរផ្សេងទៀតមិនប្រែប្រួល ឧទាហរណ៍៖ Arial, Calibri ។ អក្ខរាវិរុទ្ធនៃពាក្យក្នុងភាសាវៀតណាមគួរតែគោរពតាម វចនានុក្រមខ្មែរ-វៀតណាម ដោយ ហ៊ុន គឹមស៊ា និង សុត សារុន (ភ្នំពេញ, ១៩៦៨)។
ពាក្យជាភាសាអង់គ្លេសគួរតែប្រើអក្សររ៉ូម៉ាំង បន្ទាប់មកសរសេរជាអក្សរខ្មែរ ឬការចម្លងតាមសូរសព្ទ អាស្រ័យលើបរិបទអត្ថបទ។ អ្នកនិពន្ធគួរប្រើពុម្ពអក្សរយូនីកូដ ដើម្បីធានាថាសញ្ញាសម្គាល់ និងអក្សរផ្សេងទៀតមិនប្រែប្រួល ឧទាហរណ៍៖ Arial, Calibri ។ អក្ខរាវិរុទ្ធនៃពាក្យជាភាសាអង់គ្លេសគួរតែគោរពតាម Cambodian-English Dictionary ដោយ Robert Headley Jr. et al (Washington DC: The Catholic University of America Press, ១៩៧៧)។
ពាក្យជាភាសាឥណ្ឌូនេស៊ី គួរតែបង្ហាញជាអក្សររ៉ូម៉ាំង បន្ទាប់មកសរសេរជាអក្សរខ្មែរ ឬការចម្លងតាមសូរសព្ទ អាស្រ័យលើបរិបទអត្ថបទ។ អ្នកនិពន្ធគួរប្រើពុម្ពអក្សរយូនីកូដ ឧទាហរណ៍៖ Arial, Calibri ។ អក្ខរាវិរុទ្ធនៃពាក្យជាភាសាឥណ្ឌូនេស៊ីគួរតែគោរពតាម Indonesian-Khmer Dictionary by Ek Sophoeun, El Kriyar, and Keo Veasna (Kementerian Pendidikan dan Kebudayaan, 2022)។
ប្រសិនបើវចនានុក្រមខាងលើមិនមានពាក្យដែលត្រូវការសម្រាប់សរសេរ សូមទាក់ទងទៅ SEAlang Library សម្រាប់ប្រភពបន្ថែមទៀត។
សម្រង់ពាក្យ
សម្រង់ពាក្យដែលលើសពី៥០ពាក្យ គួរតែចូលបន្ទាត់ជាប្លុកសម្រង់ដែលមានចន្លោះមួយ (single-spaced)។ អ្នកនិពន្ធគួរតែចៀសវាងសម្រង់ដែលវែងពេក។
អភន្តរសញ្ញាដែលមានពីរជាន់ (“…”) គួរតែប្រើសម្រាប់សម្រង់ពាក្យគ្រប់ប្រភេទ ដោយមិនគិតពីប្រភេទសញ្ញាសម្គាល់សម្រង់ពាក្យដែលប្រើនៅក្នុងឯកសារដើមឡើយ។ អភន្តរសញ្ញាតែមួយជាន់ (‘…’) គួរតែប្រើសម្រាប់ពាក្យគន្លឹះ និងពាក្យដែលមានបញ្ហា។
ពាក្យដែលបានលុបចេញពីសម្រង់ពាក្យត្រូវបង្ហាញដោយសញ្ញាចុចបី […]។ សញ្ញាចុចបីមិនត្រូវប្រើនៅពីមុខពាក្យទីមួយនៃសម្រង់ពាក្យទេ បើទោះបីជាក្បាលដំបូងនៃប្រយោគដើមត្រូវបានលុបចោលក៏ដោយ។ គេក៏មិនប្រើសញ្ញានេះ បន្ទាប់ពីពាក្យចុងក្រោយនៃសម្រង់ពាក្យដែរ។ អក្សរធំអាចផ្លាស់ប្តូរ ក្នុងករណីចាំបាច់។
ការយោង – កំណត់យោង និងបញ្ជីឯកសារពិគ្រោះ
ការយោង ត្រូវមានលក្ខណៈជាកំណត់យោងខ្លីៗ និងជាបញ្ជីឯកសារពិគ្រោះ។
ទម្រង់កំណត់យោងខ្លីរួមមានឈ្មោះអ្នកនិពន្ធដែលបានយោង ទម្រង់ខ្លីនៃចំណងជើងដែលបានបោះពុម្ព (មិនរាប់បញ្ចូលចំណងជើងរង) និងលេខទំព័រ ឬជួរទំព័រ។
បញ្ជីឯកសារពិគ្រោះគួរតែរាប់បញ្ចូលត្រឹមតែការងារដែលមានយោងនៅក្នុងអត្ថបទ ឬចំណងជើងរូបភាពប៉ុណ្ណោះ។ អ្នកនិពន្ធត្រូវតម្រៀបតាមលំដាប់អក្ខរក្រមឈ្មោះអ្នកនិពន្ធ និងកំណត់ទម្រង់នៃការចូលបន្ទាត់។ អ្នកនិពន្ធគួរបន្ថែម DOIs (Digital Object Identifiers) សម្រាប់ការយោងនៃការបោះពុម្ពនានា បើអាចធ្វើបាន។ គេអាចកំណត់ DOI បានដោយចូលមើល www.crossref.org និងត្រួតពិនិត្យបន្ថែមនៅ www.doi.org។
ខាងក្រោមនេះជាឧទាហរណ៍មួយចំនួនអំពីរបៀបនៃការយោងការបោះពុម្ពផ្សាយនានាដែលជួបប្រទះជាទូទៅ ទាំងនៅក្នុងទម្រង់ជាកំណត់យោង និងបញ្ជីឯកសារពិគ្រោះ។
សៀវភៅ
សម្រាប់កំណត់យោង៖
១. អាំង, ប្រេណូវិត្ស, និង ថមសុន, អង្គរ៖ អតីត បច្ចុប្បន្ន និងអនាគត, ៣៣–៣៤។
២. ជា និងអ្នកឯទៀត, ស្លៀកពាក់ និងថែរក្សាខ្លួន, ២១៩–២១។
៣. ហេង, ស៊ិរិ, និង ហែម, មេមត់ ទឹកដីដែលមានអារ្យធម៌ចាស់, ៣៨។
៤. គង់, គ្រឿងប្រាក់ខ្មែរ, ៥២។
៥. ព្រាប, ពាក្យប្រើចំពោះសំណង់បុរាណ និងក្បាច់លម្អ, ៥៥–៥៧។
សម្រាប់បញ្ជីឯកសារពិគ្រោះ៖
គង់ វីរៈ, គ្រឿងប្រាក់ខ្មែរ, ភ្នំពេញ, រៃយំ-យូណេស្កូ, ២០០៩។
ជា ណារិន, ជា សោភារី, កែម សុនីន, និង ព្រាប ចាន់ម៉ារ៉ា, ស្លៀកពាក់ និងថែរក្សាខ្លួន៖ សតវត្សទី១៩ ដល់សតវត្សទី២០, ភ្នំពេញ, រៃយំ, ២០០៣។
ព្រាប ចាន់ម៉ារ៉ា, ពាក្យប្រើចំពោះសំណង់បុរាណ និងក្បាច់លម្អ, ភ្នំពេញ, ២០១២។
ហេង សុផាឌី, ស៊ិរិ កាដា, និង ហែម កន្និដ្ឋា, មេមត់ ទឹកដីដែលមានអារ្យធម៌ចាស់, ភ្នំពេញ, មជ្ឈមណ្ឌលបុរាណវិទ្យាមេមត់, ២០០៣។
អាំង ជូលាន, អេរិក ប្រេណូវិត្ស, និង អាស្លី ថមសុន, អង្គរ៖ អតីត បច្ចុប្បន្ន និងអនាគត, ភ្នំពេញ, អជ្ញាធរអប្សរា, ១៩៩៨។
សៀវភៅរៀបរៀង និងបកប្រែ
សម្រាប់កំណត់យោង៖
១. ហាយហេម, វប្បធម៌ដំបូងនៅអាស៊ីអគ្នេយ៍ដីគោក, ១៩៦–៩៩។
២. ហ៊ែរីស, ប្រវត្តិ និងការប្រតិបត្តិព្រះពុទ្ធសាសនានៅប្រទេសកម្ពុជា, ភាគទី១, ៥៨។
៣. មូរ៉ា, ពីភ្នំពេញទៅកាន់ខេត្តពោធិ៍សាត់, ៣៦–៣៨។
សម្រាប់បញ្ជីឯកសារពិគ្រោះ៖
មូរ៉ា ហ្សង់, ពីភ្នំពេញទៅកាន់ខេត្តពោធិ៍សាត់៖ អមដំណើរព្រះមហាក្សត្រកម្ពុជា និងរាជបរិពារ, ប្រែសម្រួលដោយ ភឿង សកុណា, ភ្នំពេញ, គ្រឹះស្ថានបោះពុម្ពផ្សាយម្លូព្រៃ, ២០២២។ ច្បាប់ដើមបោះពុម្ពជាភាសាបារាំងក្រោមចំណងជើងថា Jean Moura, “De Phnom-penh à Pursat en compagnie du roi de Cambodge et de sa cour” (Revue de l’Extrême-Orient 1 (1882): 84–112, 247–310)។
ហាយហេម ឆាល, វប្បធម៌ដំបូងនៅអាស៊ីអគ្នេយ៍ដីគោក, ប្រែសម្រួលដោយយអង្គការបុរាណវិទ្យាខ្មែរ, ភ្នំពេញ, ២០១៣។ ច្បាប់ដើមបោះពុម្ពជាភាសាអង់គ្លេសក្រោមចំណងជើងថា Charles Higham, Early Cultures of Mainland Southeast Asia (Bangkok: River Books, 2002)។
ហ៊ែរីស អៀន, ប្រវត្តិ និងការប្រតិបត្តិព្រះពុទ្ធសាសនានៅប្រទេសកម្ពុជា, ប្រែសម្រួលដោយ ឆោម គន្ធា, ហេង ស៊្រាង, និង សាន ផល្លា, ២ភាគ, ភ្នំពេញ, ២០១០។ ច្បាប់ដើមបោះពុម្ពជាភាសាអង់គ្លេសក្រោមចំណងជើងថា Ian Harris, Cambodian Buddhism: History and Practice (Honolulu: University of Hawai‘i Press, 2005)។
ផ្នែកមួយនៅក្នុងសៀវភៅរៀបរៀង, អត្ថបទនៅក្នុងកាតាឡុកពិព័រណ៍, អត្ថបទនៅក្នុងកម្រងអត្ថបទបោះពុម្ពផ្សាយនៃសន្និសីទ
សម្រាប់កំណត់យោង៖
១. វង់, ឡឹក, និង អួន, “បញ្ហាសិលាចារឹកពីរ សម័យមុនអង្គរ ទើបរកឃើញនៅវត្តព្រៃវែង,” ៥៧៩–៨១។
២. ហុក, “ស្ថាបត្យកម្មខ្មែរអំពីឈើ,” ៤១។
៣. ទូច, “ហេតុការណ៍ប្រវត្តិសាស្រ្តនៅក្នុងសាស្រ្តាត្រៃភេទត្រៃតាយុដ្ឋ,” ១៨១–៨២។
សម្រាប់បញ្ជីឯកសារពិគ្រោះ៖
ទូច សុពុទ្ធី, “ហេតុការណ៍ប្រវត្តិសាស្រ្តនៅក្នុងសាស្រ្តាត្រៃភេទត្រៃតាយុដ្ឋ,” ក្នុង សមាជស្រាវជ្រាវសង្គម-វប្បធម៌អំពីកម្ពុជា លើកទី៩, ១៤–១៦ វិច្ឆិកា ២០០៦៖ អត្ថបទពិស្តា, រៀបរៀងដោយ នេត បារ៉ុម, ទំព័រទី១៧៧–៨៨, ភ្នំពេញ, សាកលវិទ្យាល័យភូមិន្ទភ្នំពេញ, ២០០៧។
វង់ សុធារ៉ា, ឡឹក សាវណ្ណ, និង អួន ភគិនី, “បញ្ហាសិលាចារឹកពីរ សម័យមុនអង្គរ ទើបរកឃើញនៅវត្តព្រៃវែង រាជធានីភ្នំពេញ និងលក្ខណៈប្រវត្តិសាស្រ្ត,” ក្នុង ខេមរវិទ្យា៖ចំណេះដឹងអំពីអតីតកាលនិងការរួមវិភាគទានក្នុងការស្តារ និងស្ថាបនាប្រទេសកម្ពុជាឡើងវិញ, សន្និសីទអន្តរជាតិស្តីពីខេមរវិទ្យា លើកទី១, ភ្នំពេញ ២៦–៣០ សីហា ១៩៩៦, រៀបរៀងដោយ ស៊ន សំណាង, ទំព័រទី៥៦០–៩១, ភ្នំពេញ, សាកលវិទ្យាល័យភូមិន្ទភ្នំពេញ, ១៩៩៦។
ហុក សុកុល, “ស្ថាបត្យកម្មខ្មែរអំពីឈើ៖ សំណង់ពិសិដ្ឋ និងសំណង់សម្រាប់ការរស់នៅ,” ក្នុង សំណង់អំពីឈើនៅប្រទេសកម្ពុជា៖ កេរដំណែលដែលកំពុងសាបសូន្យ, រៀបរៀងដោយ ហ្រ្វង់ស័រ តាំងទុយរីយ៉េរ៍, ទំព័រទី៣៩–៤៦, មជ្ឈមណ្ឌលខេមរសិក្សា, ២០០៦។
អត្ថបទទស្សនាវដ្តី
សម្រាប់កំណត់យោង៖
១. អ៊ឹម, “បណ្តាញផ្លូវសម័យអង្គរ និងរចនាសម្ព័ន្ធពាក់ព័ន្ធ,” ៤៨–៥០។
២. ញឹម, “អក្សរថ្មភូមានៅអង្គរ,” ៧៨។
៣. ហេង និង ហែម, “ការធ្វើកំណាយបែបបុរាណវិទ្យា នៅស្ថានីយភូមិ ១៨,” ១២។
៤. ឆែម, “ព្រះភៃឞជ្យគុរុ (ភៃសជ្យគុរុ) និងវិជ្ជពេទ្យតន្រ្តៈ ក្នុងអរោគ្យសាលានៃព្រះបាទជ័យវរ្ម័ន ទី៧,” ៧៧–៧៩។
៥. សួន, “ព្រះពុទ្ធសាសនានៅកម្ពុជាសម័យបុរាណ,” ១១–១២។
សម្រាប់បញ្ជីឯកសារពិគ្រោះ៖
ឆែម គាតរិទ្ធី, “ព្រះភៃឞជ្យគុរុ (ភៃសជ្យគុរុ) និងវិជ្ជពេទ្យតន្រ្តៈ ក្នុងអរោគ្យសាលានៃព្រះបាទជ័យវរ្ម័ន ទី៧,” សិក្សាចក្រ, លេខ៧ (២០១៣), ទំព័រទី៧៥–៩៣។
ញឹម សុធាវិន្ទ, “អក្សរថ្មភូមានៅអង្គរ,” បណ្តាញព័ត៌មានវប្បធម៌ខ្មែរ, លេខ១៦ (២០២១), ទំព័រទី៧៥–៨០។
សួន សុភ័ក្រ្តា, “ព្រះពុទ្ធសាសនានៅកម្ពុជាសម័យបុរាណ,” ព្រឹត្តិបត្រសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ, លេខ១ (២០១៨), ទំព័រទី២–២០។
ហេង សុផាឌី និង ហែម កន្និដ្ឋា, “ការធ្វើកំណាយបែបបុរាណវិទ្យា នៅស្ថានីយភូមិ ១៨,” ព្រឹត្តិបត្រនិស្សិតមហាវិទ្យាល័យបុរាណវិទ្យា, លេខ៣ (២០០៤), ទំព័រទី៥–១៤។
អ៊ឹម សុខរិទ្ធី, “បណ្តាញផ្លូវសម័យអង្គរ និងរចនាសម្ព័ន្ធពាក់ព័ន្ធ,” ឧទ័យ, លេខ៥ (២០០៤), ទំព័រទី៣៩–៨០។
រូបភាព និងរូបគំនូរ
យើងសូមស្នើឱ្យអ្នកនិពន្ធកំណត់ចំនួនរូបភាពដែលភ្ជាប់មកជាមួយអត្ថបទ ឬរបាយការណ៍ត្រឹម២០រូប ហើយត្រូវរក្សាឱ្យមានចំនួនអប្បបរមាតាមចាំបាច់ សម្រាប់ការបង្ហាញឱ្យយល់បានល្អបំផុត។ អ្នកនិពន្ធអាចដាក់រូបភាពលើសពី២០បាន បន្ទាប់ពីមានការពិភាក្សាជាមួយក្រុមអ្នករៀបរៀង។ សម្ភារៈសោតទស្សន៍ក៏អាចនឹងទទួលបានការពិចារណាដែរ នៅក្នុងកាលៈទេសៈពិសេសនានា។ ក្រាហ្វិចអាចបង្កប់ក្នុងអត្ថបទ ប៉ុន្តែក៏គួរផ្ញើដោយឡែកជាឯកសាររូបភាពនីមួយៗ (JPEG, TIFF ។ល។) ទៅកាន់ក្រុមអ្នករៀបរៀងដែរ។ រូបភាព ផែនទី និងរូបផ្សេងៗ គួរដាក់ចំណងជើង និងលេខរៀង។ បញ្ជីចំណងជើងនៃរូបភាព និងរូបផ្សេងៗត្រូវតែដាក់នៅចុងបញ្ចប់នៃអត្ថបទ។
ជាទូទៅ រូបភាពឌីជីថលគួរតែមានគុណភាព 300 dpi ហើយរូបគំនូរគួរតែមានគុណភាព 600 dpi។ អ្នកនិពន្ធត្រូវតែពិគ្រោះជាមួយអ្នករៀបរៀងលើលក្ខណៈពិសេសនៃក្រាហ្វិច មុនពេលបញ្ជូនអត្ថបទសម្រេចចុងក្រោយ។ អ្នកនិពន្ធត្រូវតែទទួលបានការយល់ព្រមពីម្ចាស់ដើម មុនពេលបញ្ជូនអត្ថបទចុងក្រោយ សម្រាប់ការបោះពុម្ពនូវរូបគំនូរ ឬសម្ភារៈផ្សេងទៀតដែលមិនមែនជារបស់ខ្លួន។ គំរូលិខិតអនុញ្ញាតផ្លូវការសម្រាប់ការបោះពុម្ពផ្សាយរូបភាពមាន៖
លិខិតអនុញ្ញាតជាផ្លូវការ (Khmer)
ក្រុមការងារ Pratu មិនអាចគូរឡើងវិញ ឬដាក់អក្សរផែនទី ឬរូបភាពបានទេ ប៉ុន្តែ សូមទាក់ទងមកយើងខ្ញុំដើម្បីពិភាក្សាអំពីការកែប្រែឯកសាររូបភាព ប្រសិនបើចាំបាច់។
ការអះអាង
យើងខ្ញុំនឹងផ្ញើ ទំព័រអះអាង ជូនអ្នកនិពន្ធ។ ទាំងនេះគ្រាន់តែមានគោលបំណងត្រួតពិនិត្យតែប៉ុណ្ណោះ ហើយអត្ថបទនឹងមិនអាចកែសម្រួលបន្ថែមទៀតទេ ក្នុងដំណាក់កាលនេះ។ ការខកខានមិនបានបញ្ជូនការអះអាងត្រឡប់មកវិញតាមថ្ងៃកំណត់ នឹងត្រូវចាត់ទុកថាជាការយល់ព្រមក្នុងការប្រើប្រាស់ការអះអាងចុងក្រោយរបស់អ្នករៀបរៀង។
ការមិនទទួលខុសត្រូវ និងការដោះស្រាយជម្លោះ
គំនិតយោបល់ដែលបង្ហាញនៅក្នុង Pratu គឺជាគំនិតយោបល់របស់អ្នកនិពន្ធ និងមិនតំណាងឱ្យគំនិត ឬយោបល់ របស់ក្រុមអ្នករៀបរៀង Pratu នោះទេ។
បញ្ជីត្រួតពិនិត្យការរៀបចំការបញ្ជូនអត្ថបទ
ជាផ្នែកនៃដំណើរការផ្ញើអត្ថបទ អ្នកនិពន្ធត្រូវពិនិត្យមើលតាមគោលការណ៍ផ្ញើអត្ថបទរបស់ពួកគេ តាមចំណុចមួយចំនួនដូចខាងក្រោម។ អត្ថបទអាចនឹងត្រូវផ្ញើត្រឡប់ទៅអ្នកនិពន្ធវិញ ក្នុងករណីដែលពួកគេមិនគោរពតាមគោលការណ៍ណែនាំទាំងនេះ។
១. អត្ថបទដែលផ្ញើមកត្រូវតែជាអត្ថបទថ្មី ដែលមិនបានបោះពុម្ពពីមុនមក ហើយក៏មិនធ្លាប់បានបញ្ជូនទៅទស្សនាវដ្ដីផ្សេងទៀត ដើម្បីពិចារណាក្នុងការបោះពុម្ពដែរ (ប្រសិនបើមានចម្ងល់ សូមទាក់ទងក្រុមអ្នករៀបរៀង)។
២. អត្ថបទដែលផ្ញើមកត្រូវមានទម្រង់ OpenOffice, Microsoft Word, RTF ឬ WordPerfect។
៣. សូមផ្តល់ DOIs សម្រាប់ឯកសារយោង បើមាន (ឬ URLs សម្រាប់ឯកសារយោងដែលមានតែនៅលើអ៊ីនធឺណិត)។
៤. អត្ថបទមានចន្លោះបន្ទាត់មួយលេខ (single-spaced); ប្រើពុម្ពអក្សរយូនីកូដ ទំហំ១២, ប្រើអក្សរទ្រេតជាជាងការគូសបន្ទាត់ពីក្រោម (លើកលែងតែអាសយដ្ឋាន URL) ហើយរាល់រូបគំនូរ រូបភាព និងតារាងទាំងអស់ត្រូវដាក់លេខក្នុងអត្ថបទ ក្នុងទំហំអក្សរណាមួយដែលសមស្រប។
៥. រូបគំនូរ រូបភាព និងតារាងគួរតែដាក់លេខរៀង និងផ្ញើដោយឡែកពីអត្ថបទក្នុងថតឯកសារណាមួយ។
៦. អត្ថបទត្រូវប្រកាន់ខ្ជាប់នូវតម្រូវការមួយចំនួនតាមបែបផែន និងគន្ថនិទ្ទេសដែលបានរៀបរាប់នៅក្នុងសេចក្តីណែនាំ ដែលបានបង្ហាញនៅខាងលើទំព័រនេះ។
៧. ទម្រង់សេចក្តីប្រកាសរបស់អ្នកនិពន្ធដែលមានចុះហត្ថលេខា ត្រូវផ្ញើជាមួយនិងអត្ថបទ – សូមទាញយកឯកសារនេះពីអំពីយើង។
ការបញ្ជាក់ពីឯកជនភាព
យើងខ្ញុំនឹងប្រើឈ្មោះ និងអាសយដ្ឋានអ៊ីមែលរបស់អ្នកនិពន្ធសម្រាប់គោលបំណងនានារបស់ទស្សនាវដ្តីនេះដូចដែលបានបញ្ជាក់ពីខាងដើម ហើយយើងនឹងមិនប្រើប្រាស់វាក្នុងគោលបំណងផ្សេងទៀត ឬសម្រាប់ភាគីណាមួយទៀតឡើយ។
(Khmer – Submissions)